
បញ្ចូលអត្ថបទ ៖ ផ្កាយព្រឹក ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៤:៣០ រាជធានីភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញមានសេចក្ដីរាយការណ៍មកថា កីឡាករវ៉ន វីវ៉ា និងមិត្តរួមក្រុមចំនួន២នាក់ទៀតបានចាកចេញពីប្រទេសកម្ពុជាទៅដល់ប្រទេសថៃហើយ ដើម្បីត្រៀមខ្លួនឡើងប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុងជាលក្ខណៈអន្តរជាតិនៅយប់ថ្ងៃអាទិត្យ។ ជំនួបរវាងវ៉ន វីវ៉ា និងស្ដេចប្រដាល់ថៃដ៏មានការចាប់អារម្មណ៍នេះស្ថិតក្នុងការឃ្លាំមើលយ៉ាងខ្លាំង ព្រោះតែមានការចង់ដឹងថា តើអាចទៅរួច ឬជួបលទ្ធផលដូចគ្នានឹង សេន ប៊ុនថេន ដែលកីឡាកររូបនេះធ្លាប់ចំអក ។
ក្នុងចំណោមកីឡាករល្បីឈ្មោះរបស់ប្រទេសកម្ពុជា មានតែកីឡាករវ៉ន វីវ៉ា ម្នាក់ប៉ុណ្ណោះដែលបានទទួលតម្លៃខ្លួនខ្ពស់ជាងគេ និងពិបាកស្វែងរកដៃគូឡើងប្រកួតរហូតមកទល់ពេលនេះ។ អញ្ចឹងហើយទើបលោកសម្រេចចិត្តប្ដូរជំហរឡើងប្រកួតក្នុងប្រភេទដាក់ទ្រុងវិញបន្ទាប់ពីមើលឃើញថា ទីផ្សាររបស់កីឡាមួយនេះកាន់តែមានការរីកចម្រើន ។ ទោះបីយ៉ាងណា ការប្រដាល់ដាក់ទ្រុងជាអន្តរជាតិនឹងផ្ដល់ឱកាសឲ្យឡើងប្រកួតតែចំនួន៣លើកប៉ុណ្ណោះ ប្រសិនបើរកមិនឃើញជ័យជម្នះទាល់តែសោះសម្រាប់ការប្រកួត ។ នៅមិនទាន់មានកីឡាករកម្ពុជារូបណា ដែលមានវាសនាបានផ្ដួលគូប្រកួតជាជនបរទេសនៅលើសង្វៀនប្រដាល់ដាក់ទ្រុងនៅឡើយទេ ចាប់តាំងពីកម្ពុជាមានមុខឡើងបង្ហាញក្បាច់គុនរបស់ខ្លួនលើឆាកអន្តរជាតិជាទូទៅ ។
ប៉ុន្តែបើធៀបនឹងវត្តមានឡើងប្រកួតរបស់កីឡាករកម្ពុជាកន្លងមក វ៉ន វីវ៉ា ស្ថិតក្នុងការឃ្លាំមើលជាពិសេសជាងគេ ដោយសារតែលោកត្រូវគេចាត់ទុកថា ជាស្ដេចប្រដាល់របស់កម្ពុជា ហើយដៃគូដែលត្រូវប៉ះ គឺជាស្ដេចប្រដាល់របស់ប្រទេសថៃដ៏ខ្លាំងក្លាតែម្ដង ។ លោកត្រូវប្រកួតជាមួយកីឡាករ Jomhod Kiatadisak ដែលមានខ្សែក្រវាត់រាប់មិនអស់ពីការប្រកួតឈ្នះនាពេលកន្លងមក ។ វ៉ន វីវ៉ា ក៏ត្រូវគេដឹងដូចគ្នាបានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់គួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសកំណើត ប៉ុន្តែស្នាដៃរបស់កីឡាកររូបនេះនៅមានកម្រិតនៅឡើយទេ បើធៀបនឹងដៃគូដែលត្រូវប្រកួតគ្នានៅយប់ថ្ងៃអាទិត្យ ទី២២ កុម្ភៈ នេះ ។ អ្នកទាំងពីរនឹងបើកឆាកប៉ះគ្នានៅក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Full Metal Dojo ដែលជាការប្រដាល់ដាក់ទ្រុងកម្រិតអន្តរជាតិមួយថ្មីដែលហៅកាត់ថា MMA ដូចគ្នានឹងព្រឹត្តិការណ៍ OneFC ដែរ ។
ព្រឹត្តិការណ៍នេះមានវត្តមានកីឡាករកម្ពុជាដល់ទៅ៣រូបបង្ហាញខ្លួន គឺកីឡាករវ៉ន វីវ៉ា, អន ឈុនហេង និងកីឡាករថៃ រិទ្ធី ប៉ុន្តែការប្រកួតដែលស្ថិតក្នុងការឃ្លាំមើល គឺមានតែ វ៉ន វីវ៉ា ម្នាក់គត់ ដែលមានសន្ទុះនាំមុខគេ ។ ជាក់ស្ដែងបន្ទាប់ពីមានការបង្ហាញជាសាធារណៈថា កីឡាករថៃមានខ្សែក្រវាត់ច្រើននោះ គឺពិតជាគួរឲ្យញាក់សាច់មែនហើយ ។ យោងតាមការបង្ហោះនៅលើបណ្ដាញអុីនធើរណេត កីឡាករ Jomhod Kiatadisak បានឆ្លងកាត់បង្វឹកផ្នែកប្រដាល់តាំងពីអាយុ៧ឆ្នាំម្ល៉េះដោយក្នុងអាយុ១១ឆ្នាំ ក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់តែម្ដងនៅក្នុងពិភពប្រដាល់ថៃ។ លោកបានក្លាយជាម្ចាស់ខ្សែក្រវាត់ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមិនតិចជាង១០ខ្សែក្រវាត់ និងពីស្ថាប័ន១០ប្រភេទខុសៗគ្នានោះទេ រហូតធ្វើឲ្យប្រជាពលរដ្ឋថៃផ្ដល់រហស្សនាមថា King of the Ring ឬស្ដេចប្រដាល់នៅលើសង្វៀនដោយសារតែលោកឡើងប្រកួតក្នុងរយៈពេលចុងក្រោយ គឺមិនដែលចាញ់។ ការផ្គូផ្គងឲ្យឡើងប្រកួតរវាងកីឡាករទាំងពីរប្រភពខ្លះថាថៃមានបំណងបំបាក់មុខកីឡាករវ៉ន វីវ៉ា ដែលល្បីឈ្មោះនាំមុខគេប្រៀបដូចជាស្ដេចប្រដាល់មួយរូបរបស់កម្ពុជាដូចគ្នា ដោយអ្នកទាំងនោះលើកឡើងថា លុះត្រាដាក់កីឡាករ Jomhod Kiatadisak ដែលជាជើងខ្លាំងកំពូលរបស់ខ្លួន ទើបប្រាកដពីលទ្ធផលឈ្នះ១០០%។ មនុស្សភាគច្រើនបានយល់ស្របចំពោះការយល់ឃើញ ប៉ុន្តែក៏មានមនុស្សមួយចំនួនបង្ហាញពីការពេញចិត្តផងដែរ ដោយម្នាក់ៗនិយាយថា បើវ៉ន វីវ៉ា ចាញ់នឹងក្លាយជារឿងធម្មតា ប៉ុន្តែបើឈ្នះនឹងក្លាយជាមោទនភាពដ៏ធំ ។ ក្រុមអ្នកស្នេហាកីឡាប្រដាល់ដែលកោះសន្ដិភាពជជីកសួរនាំបានថ្លែងប្រាប់ថា ៖ «សម្រាប់ខ្ញុំ បើគេដាក់ជាមួយអ្នកខ្លាំងអញ្ចឹង ល្អតើព្រោះ យើង (វ៉ន វីវ៉ា) នឹងមិនសូវខាតបើចាញ់ ប៉ុន្តែបើឈ្នះឡូយហ្មង!» ។ យ៉ាងណាក៏ដោយ គឺមានមនុស្សច្រើនណាស់មិនជឿទុកចិត្តថា វ៉ន វីវ៉ា ទៅរួចជាមួយ Jomhod Kiatadisak ទេ ។ ប៉ុន្តែការឃ្លាំមើលចំពោះការប្រកួតនេះ ក៏ស្ថិតក្នុងភាពចាំចំអកចំពោះភាពអំនួតរបស់កីឡាកររូបនេះផងដែរ បន្ទាប់ពីកាលមុនលោកបានបង្កជម្លោះជាមួយ សេន ប៊ុនថេន ឡើងមើលមុខគ្នាលែងចំរហូតដល់ភរិយាផង ដោយសារតែចង់សំដៅថា សេន ប៊ុនថេន អួតបានតែនៅក្នុងស្រុក លុះទៅដល់ក្រៅស្រុកក៏ខ្ចប់រកលេខដាក់គ្មាន ។
វ៉ន វីវ៉ា នឹងក្លាយជាចំណុចស៊ីបពីក្រុមអ្នកធ្លាប់មិនសប្បាយចិត្តពីទង្វើរបស់លោក បើទោះជាមានហេតុផលថា ដៃគូដែលប៉ះប្រកួត គឺជាស្ដេចប្រដាល់របស់ប្រទេសថៃក៏ដោយ ។ ក្រុមអ្នកមិនយោគយល់បានបន្លុយពាក្យថា ៖ «ចាំមើលតើ វ៉ន វីវ៉ា ទៅរួចឬអត់ បើ សេន ប៊ុនថេន ចាញ់ក្រោមដៃបរទេស ដែលសុទ្ធតែជាជើងខ្លាំងកម្រិតអន្តរជាតិមកចំអកដាក់គ្នាអញ្ចឹង!» ។ មនុស្សភាគច្រើនយល់ថា កីឡាករបរទេសគឺល្បីព្រមជាមួយនឹងគុណភាពពេញលេញ ដោយសារតែកីឡាករនៅក្នុងប្រទេសគេទទួលបានតម្លៃខ្លួនខ្ពស់ដែលបង្កលក្ខណៈឲ្យមានទឹកចិត្តហ្វឹកហាត់។ ជាងពាក់កណ្តាលនៃអ្នកស្នេហាវិស័យប្រដាល់នៅលើបណ្ដាញ Faccebook សុទ្ធតែយល់ថា វ៉ន វីវ៉ា ទៅប្រកួតជាមួយដុំថ្មដ៏រឹង ដែលក្ដីសង្ឃឹមមានមិនច្រើនសម្រាប់លទ្ធផលល្អ។
ប៉ុន្តែអ្នកខ្លះក៏យល់ឃើញថា ជំនួបជាមួយស្ដេចប្រដាល់ថៃលើកនេះ ក៏ជួយឲ្យ វ៉ន វីវ៉ា ទទួលការចាប់អារម្មណ៍ខ្លាំងផងដែរ បើទោះជាមានអ្នកឃ្លាំមើលចាំមើលលទ្ធផល ដើម្បីឌឺដងឲ្យវិញជាថ្នូរនឹងភាពក្រអឺតក្រទម និងភាពអំនួតដែលលោកធ្លាប់ចំអកឲ្យ សេន ប៊ុនថេន រហូតធ្វើឲ្យជ្រុះប្រជាប្រិយភាពអស់មួយសន្ធឹក ។ ទន្ទឹមនឹងនោះ ក៏មានមហាជនភាគច្រើនបន់ស្រន់ឲ្យលោកទទួលជ័យជម្នះ និងពាំនាំមកវិញនូវមោទនភាពជូនជាតិផងដែរពីការប្រកួតដ៏កក្រើកដែលមានតម្លៃសំបុត្រថ្លៃនៅក្នុងប្រទេសថៃនេះ ។ កីឡាករ Jomhod Kiatadisak មានសេចក្ដីរាយការណ៍មកថា ឆ្លងកាត់ការប្រកួតចំនួន៣០៣ដង ឈ្នះ២៧៦ដង ចាញ់២៤ដង និងផ្តួលគូប្រកួតឲ្យសន្លប់រហូតដល់៨០ដងគិតមកទល់ពេលនេះ ៕
from: kohsantepheapdaily.com.kh
Post a Comment