
បញ្ចូលអត្ថបទ ៖ ផ្កាយព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១០:១៣ ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកឆ្លុះសត្វប្រទះឃើញសពក្មេងប្រុសម្នាក់នៅក្នុងពំនូកដីខ្សាច់កប់មួយកំណាត់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ កុម្ភៈ ២០១៥ នៅក្នុងភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ។ សពក្មេងប្រុសរងគ្រោះត្រូវគេស្គាល់ឈ្មោះយ៉ែម សៀងហៃ អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ បើតាមឈ្មោះយ៉ែម ហួច ភេទប្រុស អាយុ១៨ឆ្នាំ បានឱ្យដឹងថា ប្អូនរបស់ខ្លួនបានចេញទៅឃ្វាលគោដូចសព្វមួយដង ហើយក៏មិននឹកស្មានថា ប្អូនរបស់គេជួបរឿងអកុសលបែបនេះដែរ។ បងប្រុសក្មេងប្រុសរងគ្រោះបន្តថា រហូតដល់វេលាភ្ញាក់ផ្អើលមានមនុស្ស២នាក់ ម្នាក់ឈ្មោះថុន ខេង ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះឆុំ

ឧស្សាហ៍ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នាបានទៅឆ្លុះសត្វនៅខាងក្រោយភូមិ ស្រាប់តែប្រទះឃើញប្អូនប្រុសរបស់គេស្លាប់ក្នុងស្ថានភាពកប់ក្នុងដីមួយកំណាត់ខ្លួនផ្នែកខាងលើក៏បានរាយការណ៍ឱ្យប្រជាការពារភូមិ ក្រោយមកមេភូមិក៏រាយការណ៍ឱ្យសមត្ថកិច្ចចុះពិនិត្យសព។ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ នេះ សមត្ថកិច្ចជំនាញកោសល្យវិច័យ និងជំនាញនគរបាលស្រុកបានចុះទៅពិនិត្យសពដើម្បីរកមូលហេតុនៃការស្លាប់នេះ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ក្មេងប្រុសរងគ្រោះអាចខឹងឪពុកម្តាយរឿងអ្វីមួយ ហើយបានទៅកាយពំនូកដីខ្សាច់ដែលគេចាក់ចោល រួចចូលទៅដេកក្នុងនោះ ដោយមានទុករន្ធខ្យល់ចំនួន២នៅពីលើច្រមុះ តែចៃដន្យពេលខ្សាច់បាក់ក៏ចូលច្រមុះបណ្តាលឱ្យថប់ដង្ហើមស្លាប់តែម្តង៕ ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
from: kohsantepheapdaily.com.kh
Post a Comment