ឃាតករ សម្លាប់កម្មការិនី រោងចក្រ «តាក់សាន់» ប្លន់យក ទ្រព្យសម្បត្តិ ជិត៥ពាន់ដុល្លារ នៅបន្តមាន សេរីភាព


ភ្នំពេញ ៖ ជនដៃដល់ ដែលបាន សម្លាប់នារី ជាកម្មការិនី នៅរោងចក្រ «តាក់សាន់» ម្នាក់រហូត មកដល់ពេលនេះ នៅបន្តមានសេរីភាព ដដែលពោល មិនទាន់ត្រូវបាន ចាប់ខ្លួននោះឡើយ ខណៈក្រុមគ្រួសារ នារីរងគ្រោះ កំពុងទទឹងរង់ចាំ ដើម្បីចង់ឃើញ មុខឃាតក ត្រូវបាន ផ្តន្ទាទោស តាមផ្លូវច្បាប់ ។

ក្រុមគ្រួសារ នារីរងគ្រោះសូមទទូចដល់ សមត្ថកិច្ចខេត្តកណ្តាល និងសមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀត សូមជួយពន្លឿន តាមចាប់ជនដៃដល់ ដែល សម្លាប់គ្មាន ញញើតដៃទៅលើប្អូនស្រី ធម៌របស់ខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិ។

 សូមបញ្ជាក់ថា នារីវ័យ ២២ឆ្នាំស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រ «តាក់សាន់» និងជាអ្នករកស៊ី ចងការ ប្រាក់ឲ្យ កម្មករ រោងចក្រ ផងនោះ ត្រូវបងធម៌របស់ខ្លួន វាយសម្លាប់ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ ១៥០០ដុល្លារ សរុបប្រហែល៥ពាន់ដុល្លារ ហើយដឹក សពនារីរងគ្រោះទៅទម្លាក់ចោល តាមបណ្តោយ ផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្ដាល។

នារីរងគ្រោះ កញ្ញា សាន់ អាស្រស់ ត្រូវបានបងធម៌របស់ខ្លួន ធ្វើសកម្មភាព វាយសម្លាប់ និងប្លន់ ទ្រព្យសម្បត្តិ តាំងពីយប់ថ្ងៃសុក្រទី២០ ខែកុម្ភៈ ហើយ សពរបស់នាង ទើបតែត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ នៅរសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៥ ដោយមានអាការៈ ហើមស្អុយ រលួយ មើលស្ទើរតែមិនស្គាល់ទៅហើយ។

យោងតាម របាយការណ៍ នគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីជនរងគ្រោះ សាន់ អាស្រស់ មាន អាយុ ២២ឆ្នាំ ជួលបន្ទប់ស្នាក់នៅ ជាប់រោងចក្រក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើត នៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃ វែង។ ឪពុកនារី រងគ្រោះមានឈ្មោះ លី សាន់ អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះ ចេះ ម៉ារី អាយុ ៤៤ឆ្នាំ ជាកសិករ។

របាយការណ៍ដដែលបានឲ្យដឹងថា សមត្ថកិច្ច បានកំណត់អត្តសញ្ញាណ ជនល្មើសបានហើយ ។ ជនល្មើសឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០ មុខរបរកម្មករ រោងចក្រ ស្រុកកំណើតនៅ ខេត្តកំពង់ចាម ស្នាក់នៅ ផ្ទះជួលបន្ទប់ ក្បែរនារីរងគ្រោះ ហើយបានរាប់អាន គ្នាជាបងធម៌ ប្អូនធម៌ជាមួយ នារីរងគ្រោះផងដែរ។

ឪពុកនារីរងគ្រោះ លោក លី សាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥នេះថា កូនស្រីរបស់លោក កញ្ញា សាន់ អាស្រស់ ត្រូវបានជនល្មើសវាយសម្លាប់ នៅក្នុងបន្ទប់កាលពីថ្ងៃ សុក្រ ទី២០ ខែកុម្ភៈ ហើយបានប្រមូល យកទ្រព្យសម្បត្តិរួមមាន ម៉ូតូម៉ាក់ Honda Dream 125 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃប្រហែល ២.០០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែទម្ងន់ប្រហែល ៥ជី, កងដៃចំនួន០១ ទម្ងន់ប្រហែល ៥ជី, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Nokai និង Howei និងលុយ ១.៥០០ដុល្លារ។

លោក លី សាន់ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុកូនស្រី របស់លោក ដែលស្នាក់នៅ ក្នុងបន្ទប់ ជួលតែម្នាក់ឯងនោះ ខណៈអ្នកនៅ ក្បែរ ផ្សេងទៀត បាននាំគ្នាទៅធ្វើការរោងចក្រ វេណយប់អស់នោះ បានទូរស័ព្ទហៅបងធម៌របស់ ខ្លួនជាអ្នករាប់អានគ្នា ជាច្រើនឆ្នាំ ឲ្យមកជួយមើលទុយោទឹកបែកធ្លាយ។

ដោយមើលឃើញ ឱកាសល្អជន ល្មើសជា បងធម៌ បានធ្វើសកម្មភាព សម្លាប់នារីរងគ្រោះប្លន់ យកទ្រព្យ សម្បត្តិតែម្តង ត្បិតជនល្មើស បានដឹងថា នារីរងគ្រោះ ជាអ្នកមានលុយកាក់ច្រើន។

ឪពុកនារីរងគ្រោះ បានឲ្យដឹងផងដែរថា ក្រោយពេលកើតហេតុភ្លាមៗគ្មាននរណាម្នាក់ដឹងថា នារីរងគ្រោះ បានបាត់ ខ្លួនពីបន្ទប់ជួលដោយរបៀប ណានោះទេ ហើយក៏មិនដឹងពី មូលហេតុ យ៉ាងណានោះដែរ។

តែដោយមានការជជីក សួរខ្លាំងពីក្រុមគ្រួសារ ទៅលើភរិយា ជនល្មើស ក៏ដូចជាជនល្មើស សំអុល មុន្នី នោះ ធ្វើឲ្យជនល្មើសរអើល ខ្លួនខ្លាច គេដឹង បានព្យាយាម គេចខ្លួនលែងត្រឡប់ចូលធ្វើការវិញ។

លើសពីនេះទៀត ប្រាំថ្ងៃក្រោយ នៃការបាត់ខ្លួន នារីរងគ្រោះ ជនល្មើស សំអុល មុន្នី បានទូរស័ព្ទ សារភាពប្រាប់ភរិយារបស់ខ្លួនឈ្មោះ ភក្រ្តថា ខ្លួនជាអ្នកបានធ្វើសកម្មភាព សម្លាប់នារី រងគ្រោះ ដែលជាប្អូនធម៌ ហើយយកទៅទម្លាក់ ចោលនៅតាមបណ្តោយ ផ្លូវជាតិលេខ៦១ ត្រង់ចំណុច ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ នេះបើ តាមការបំភ្លឺប្រាប់ពីលោក លី សាន់ ដែលទទួលបានការរៀបរាប់ ប្រាប់ពីភរិយាជនល្មើស។

 ក្រោយធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ប្លន់ទ្រព្យសម្បត្តិរហូត ដល់ពេលនេះ ជនល្មើស សំអុល មុន្នី បានគេចខ្លួន បាត់ស្រមោល។

ឪពុកនារីរងគ្រោះ បានថ្លែងទទូចដល់កម្លាំងនគរបាល ដែលមានសមត្ថកិច្ចសុំជួយ តាមចាប់ជនល្មើស មកផ្តន្ទាទោស ដើម្បីវិញ្ញាណ ក្ខន្ធកូនស្រី របស់លោកបានទៅកាន់សុខគតិភព និងបានចាប់ជាតិជាថ្មីកុំ ឲ្យជួបគ្រោះអកុសល បែបនេះតទៅទៀត៕








From: http://www.khmerload.com/news/36087

Share this article :

Post a Comment

 

khmerk-news - All Rights Reserved