“ខួរក្បាលរបស់មនុស្សចាប់ផ្ដើមដំណើរការនៅពេលដែលពួកគេបានចាប់កំណើតមកម៉្លេះ ហើយវានឹងធ្វើការឥតឈប់ឡើយក្នុងពេលដែលអ្នកកំពុងធ្វើបទបង្ហាញ”។ នេះគឺជាប្រសាសន៍របស់លោក George Jessel។
មានរយៈពេលត្រឹមតែ១៥នាទីសម្រាប់ត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញក្រោមប្រធានបទដ៏សំខាន់មួយ គឺវាស្ទើរតែហួសពេលទៅហើយ ក្នុងការកែសម្រួលមាតិកានៃខ្លឹមសាររបស់អ្នក ។ នេះជាប្រសាសន៍របស់ Darlene Price ជាប្រធាន និងអ្នកនិពន្ធនៃអង្គការ Well Said, Inc. ។ លោកស្រីបានបន្តថា៖ ការរៀបចំឯកសារ ដូចជាការចាក់បញ្ចាំង Slide ជាដើម ការគ្រប់គ្រងអារម្មណ៍នៅចំពីមុខភ្នែករបស់មនុស្សរាប់រយនាក់ ហើយនឹងការហាត់សម ដើម្បីត្រៀមឡើងនិយាយនោះ គឺត្រូវឲ្យមានភាពរៀបរយ។
ឥឡូវនេះ Cool នឹងនាំមកនូវវិធីសាស្រ្តទាំង១២ចំណុចដ៏មានសក្ដានុពល ដើម្បីត្រៀមខ្លួនមុនការឡើងធ្វើបទបង្ហាញ ស្របពេលដែលអ្នកមានត្រឹមតែ 15នាទីតែប៉ុណ្ណោះ ។ អិញ្ចឹងថាតើយើងគួរធ្វើយ៉ាងណាទៅបើមានពេលត្រឹមតែ 15នាទី ?

ទី១. ការប្រើប្រាស់បន្ទប់ទឹក ជារឿងដំបូងដែលអ្នកគួរធ្វើនោះគឺការប្រើប្រាស់បន្ទប់ទឹក ។ ដើម្បីឆ្លើយតបទៅនឹងភាពអន្ទះអន្ទែង និងភាពតានតឹងមុនការឡើងសម្ដែងមតិ ការប្រើបន្ទប់ទឹកសម្រាប់សម្រួលភាពរំខាន និងការឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក គឺជាវិធីដ៏ល្អមួយ។
ទី២. ត្រួតពិនិត្យឲ្យគ្រប់សព្វ ជាអ្នកធ្វើបទបង្ហាញ រឺអ្នកវោហានិយមជាសាធារណៈ អ្នកត្រូវតែរៀនស្វែងយល់ពីបរិយាកាសក្នុងបរិវេណ រឺសាល ការរៀបចំប្លង់អង្គុយរបស់ទស្សនិកជន ឧបករណ៍អេឡិចត្រូនិច ដូចជា៖ Microphone និងភ្លើងដែលនឹងត្រូវបញ្ចាំងទាំងអស់ជាដើម ដើម្បីឲ្យអ្នកអាចសម្រួលអារម្មណ៍ទៅនឹងមជ្ឈដ្ឋានទាំងនោះក្នុងពេលនិយាយបានល្អ ។ ហើយអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែទៅដល់ទីតាំងឲ្យបានព្រលឹមបន្តិច ។ ចំណុចទាំងនេះវានឹងធ្វើឲ្យទស្សនិកជន ពេលដែលគេស្ដាប់អ្នកនិយាយ គេនឹងមានអារម្មណ៍ថាអ្នកពិតជាបានត្រៀមខ្លួនរៀបរយពិតមែន ។
ទី៣. ជួប និងសម្ដែងការគួរសមជាមួយទស្សនិកជន ការចាប់ដៃ រឺបើតាមទំនៀមទម្លាប់ខ្មែរយើង យើងគួរតែប្រើការសំពះទៅក៏ល្អដែរ និងនិយាយទៅកាន់ទស្សនិកជនប៉ុន្មាននាក់ក៏បានដែរ តាមដែលអ្នកអាចធ្វើទៅបាន មុននឹងអ្នកត្រូវឡើងនិយាយ អ្វីទាំងនេះវាធ្វើឲ្យទស្សនិកជនយល់ចំពោះអ្នកថា អ្នកគឺជាមនុស្សមិនឆ្មើងឆ្មៃ និងជាបុគ្គលមានលក្ខណៈសមរម្យ រស់រាយរាក់ទាក់ទៅកាន់ពួកគេទៀតផង ។ លើសពីនេះទៅទៀតអ្នកគួរតែមាន ព្រឹត្តិការណ៍ រឺសាច់រឿងអ្វីមួយដើម្បីយកមកក្លែមជាមួយវោហាសព្ទ័របស់អ្នក ដើម្បីឲ្យការធ្វើបទបង្ហាញរបស់អ្នកក្លាយទៅជាការសន្ទនា រឺការនិយាយបែបលក្ខណៈធម្មជាតិ គួរឲ្យចង់ស្ដាប់ ។
ទី៤. ស្ដាប់ដោយយកចិត្តទុកដាក់ចំពោះបុគ្គលដែលបានឡើងវេទិកាមុនការឡើងរបស់អ្នក ប្រសិនបើអ្នកមិនមែនជាមនុស្សដំបូង ដែលនឹងត្រូវឡើងធ្វើបទបង្ហាញទេ ចំនុចនេះគឺវាមានអត្ថប្រយោជន៍ចំពោះអ្នកជាខ្លាំង ដើម្បីផ្ចង់ស្មារតីស្ដាប់នូវអ្វីដែលគេមុនបាននិយាយ ម៉្យាងវិញទៀតវាក៏ជួយឲ្យអ្នកបានប្រមើលដឹងអំពីស្ថានការណ៍ រឺទឹកចិត្តរបស់ទស្សនិកជនផងដែរ ។
ទី៥. ដកដង្ហើមវែងៗ ឲ្យបានច្រើនដង ពេលដែលភាពអន្ទះអន្ទែងបានកើតឡើងវានឹងរឹតបន្តឹងសាច់ដុំទ្រូង និងបំពង់ករបស់អ្នក វាចាំបាច់តម្រូវឲ្យអ្នកត្រូវកាត់បន្ថយនូវភាពតានតឹងនេះ ដោយត្រូវដកដង្ហើមឲ្យបានវែងៗ យឺតៗផងដែរ ។ ធ្វើដូចនេះវាអាចជួយជម្រុញឲ្យចំនួននៃអុកស៊ីសែនបានចូលទៅក្នុងផ្ទៃសួត និងខួរក្បាលរបស់យើង ដើម្បីវាយប្រហារនឹងជម្ងឺភ័យខ្លាចបាន ។ ដូច្នេះ ពេលដែលអ្នកមានភាពតានតឹង ក្នុងពេលនិយាយ ចូរអ្នកកុំភ្លេចដកដង្ហើមឲ្យបានវែងៗផង ។
ទី៦. បង្កើនជំនឿចិត្តរបស់ខ្លួន ជាមួយនឹងការទប់ថាមពល សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Harvard លោក Amy Cuddy បានបញ្ចប់ការស្រាវជ្រាវមួយដែលបង្ហាញថា ក្នុងការប្រកាន់ខ្ជាប់នូវអត្តចរឹតលក្ខណៈល្អណាមួយពីធម្មជាតិរបស់បុគ្គល នោះគឺជាការបង្ហាញពីជំនឿចិត្តរបស់គេសម្រាប់រយៈពេល 2នាទីដើម្បីបង្កើននូវ កម្រិតនៃអ័រម៉ូន Testosterone (អ័រម៉ូនដែលមានភាពលេចធ្លោជាងគេ) និងកាត់បន្ថយនូវកម្រិតអ័រម៉ូន Cortisol (អ័រម៉ូន ដែលបង្កភាពណែនណាន់តាន់តាប់ក្នុងចិត្តរបស់អ្នក) ។ ការធ្វើបែបនេះ គឺវាជួយដល់អ្នក ឲ្យទទួលបានភាពស្កប់ស្កល់ និងមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តបានមួយចំណែក ។
ទី៧. ការអនុវត្តជំហានដំបូងនៅក្នុងចិត្តរបស់អ្នកដោយការទន្ទេញ អ្វីៗដែលអ្នកបានរៀបចំសម្រាប់ការឡើងធ្វើបទបង្ហាញ វាគឺជាការចាប់ផ្ដើមប្រកបដោយភាពស្រស់ស្រាយ ដែលគួរជាទីចាប់អារម្មណ៍របស់ទស្សនិកជន នោះគឺការលើកយកនូវទ្រឹស្ដីវៃឆ្លាត រឿងរ៉ាវរបស់បុគ្គលណាមួយ រឺស្ថិតិណាមួយដែលគួរឲ្យចាប់អារម្មណ៍យកមកនិយាយ ។ អ្នកជំនាញបានផ្ដល់មតិថា៖ អ្នកធ្វើបទបង្ហាញទាំងឡាយគួរតែហាត់សម នូវឃ្លាសម្ដីដែលត្រូវចាប់ផ្ដើមដំបូងគេឲ្យបានច្រើនដង។ ការដឹងយ៉ាងច្បាស់លាស់ពីអ្វីដែលអ្នកនឹងត្រូវឡើងនិយាយនោះ គឺវាប្រសើរជាងអ្វីដែលអ្នកបានកត់ចំណុចគោលៗ រឺរំពឹងតែទៅលើ Slide តែមួយមុខ ។
ទី៨. ផ្ដោតសំខាន់ទៅលើ ការគិត និងទិដ្ឋភាពជាវិជ្ជមាន ការបញ្ចូលនូវថាមពលផ្លូវចិត្ត គឺជាការផ្សាភ្ជាប់នូវការគិតបែបវិជ្ជមានប្រកបដោយអានុភាពទៅកាន់រាងកាយ ។ ដើម្បីសម្រេចកិច្ចការរបស់អ្នកក្នុងថ្ងៃនេះឲ្យបានជោគជ័យ និងរលូនទៅបានអ្នកគូរតែកាត់បន្ថយនូវភាពតានតឹង និងបង្កើននូវភាពស្រស់ស្រាយសម្រាប់កិច្ចការរបស់អ្នក ដោយគ្រាន់តែប្រាប់ចិត្តរបស់អ្នកឲ្យគិតក្នុងផ្លូវវិជ្ជមានជានិច្ច។ ត្រូវទាត់ចោលឲ្យឆ្ងាយនូវអារម្មណ៍នឿយហត់ ស្មុគស្មាញ និងមិនរៀបរយក្នុងអ្វីមួយ រឺក៏ស្ទើរអ្វីមួយ ហើយអ្នកនឹងបញ្ឈប់វាត្រឹមហ្នឹង ។ ផ្ទុយទៅវិញអ្នកត្រូវយកទស្សនៈវិជ្ជមានមកប្រាប់ខ្លួនឯងថា៖ -ខ្ញុំអាចធ្វើវាបាន -ខ្ញុំគឺជាអ្នកជំនាញម្នាក់ដែរតើ ! -ខ្ញុំសាកសមហ្នឹងធ្វើវាណាស់ គ្រាន់តែឧបសគ្គតូចប៉ុណ្ណឹងវាមិនអីទេ ! -ខ្ញុំត្រូវតែមានជំនឿចិត្តលើខ្លួនឯង ៕
ទី៩. ស្នាមញញឹម ជាអ្នកនិយាយនៅលើវេទិកាម្នាក់ អ្នកត្រូវរក្សានូវភាពវិជ្ជមាន ដោយបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់អ្នក ដើម្បីជាអាវុធសម្លាប់ចិត្តរើសអើងរបស់ទស្សនិកជនទាំងឡាយ ។ ស្នាមញញឹមដ៏សាកសម គឺវាអាចជួយដល់អ្នកឲ្យទទួលបាននូវភាពស្រស់ស្រាយមួយកម្រិត ។ តាមការសិក្សាផ្នែកសរីរវិទ្យា ការញញឹមគឺវាជួយបញ្ចេញនូវអ័រម៉ូន Endorphin ចេញពីខួរក្បាលដើម្បីទប់ស្កាត់នូវ ភាពតក់ប្រម៉ល់ និងនឿយហត់ទាំងឡាយបាន ។ ការញញឹមវាមិនត្រឹមតែជួយអ្នកឲ្យមានទំនុកចិត្តមកលើខ្លួនឯងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យទស្សនិកជនមើលមកអ្នកថា អ្នកពិតជាបុគ្គលដែលមានភាពសោមនស្សនឹងពួកគេមែន និងរីករាយនឹងបញ្ចេញនូវអ្វីដែលអ្នកចង់ ផ្ដល់ដល់ពួកគេទៀតផង ៕
ទី១០. ទទួលទានទឹកក្ដៅឧនៗមួយ រឺក៏ពីរចិប រឺលាយជាមួយក្រូចឆ្មាបន្តិចក៏រិតតែប្រសើរ ការអនុវត្តនូវវិធីនេះ វាជួយកាត់បន្ថយនូវការប្រេះស្បែកបបូរមាត់ ស្លេស រឺទឹករម្អិលក្នុងមាត់ និងជម្រះនូវការខះបំពង់ កទៀតផង ។ ប៉ុន្តែអ្នកត្រូវជៀសវាងកុំទទួលទានអាហារ រឺភេសជ្ជៈណាដែលត្រជាក់ អាហារមានជាតិទឹកដោះគោ និងភេសជ្ជៈដែលមានជាតិ Carbonated ច្រើន ។ ហើយអ្នកក៏មិនគួរភ្លេច បម្រុងកែវ រឺក៏ដបទឹកតូចល្មមមួយនៅក្បែរអ្នកក្នុងពេលឡើងវេទិកាផង ។
ទី១១. ធ្វើលំហាត់ប្រាណល្មមៗ នៅពេលដែលអ្នកមានឱកាសបាននៅម្នាក់ឯង អ្នកគួរធ្វើលំហាត់ប្រាណថ្នមៗ តាមរយៈការលាតសន្ធឹងដៃ-ជើង ពត់ពែន គ្រវីជង្គង់ រលាស់ដៃ-ជើង ដើរទៅដើរមកឲ្យបានរហ័ស ។ល។ ការធ្វើបែបនេះ វាជួយបញ្ចេញនូវការផ្ទុកថាមពលលើសកំណត់ក្នុងសារពាង្គកាយរបស់អ្នក និងបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលបានច្រើនទៀតផង ។
ទី១២. ត្រូវឈរឲ្យបានយ៉ាងតិចណាស់ប្រាំនាទី មុននឹងដល់វេនរបស់អ្នកត្រូវឡើងនិយាយ មិនថាអ្នកជាពិធិករ រឺជាអ្នកធ្វើបទបង្ហាញនោះទេ គឺអ្នកត្រូវតែឈរ ។ ប្រសិនបើអ្នក ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដ៏ច្រើន ហើយអ្នកជាបុគ្គលបន្ទាប់ពីអ្នកដែលកំពុងឡើងនិយាយ អ្នកមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះទៀត ។ ដូច្នេះអ្នកគួរចាយប្រាំនាទីនេះ សម្រាប់ការឈរធម្មតានៅពីក្រោយឆាក ដើម្បីស្រូបយកថាមពល ឲ្យចលនាឈាមដើរបានស្រួល និងឲ្យរាងកាយបានសម្រួលកម្ដៅបានល្អ។ លើសពីនេះទៅទៀត ការឈរវានឹងជួយដល់អ្នក ឲ្យបានត្រៀមលក្ខណៈសមរម្យទៀតផង ។ ជាការពិតណាស់ ការឡើងឆាកដំបូង រឺមិនទាន់ស៊ាំនឹងវាទេ អ្នកប្រាកដជាមានអារម្មណ៍ថាភ័យៗ បុកពោះជាមិនខាន ។ អ្វីដែលសំខាន់គឺអ្នកត្រូវតែរៀនពោលប្រាប់ចិត្តខ្លួនឯងថា អ្នកត្រូវតែធ្វើវាឲ្យបានល្អ ។ ដូចពាក្យសោ្លកមួយឃ្លាបានពោលថា៖ គ្មានការជោគជ័យឯណាប្រព្រឹត្តទៅបាន ដោយគ្មានការលំបាកពីដំបូងនោះឡើយ៕
from: coolfm1007pp.com
Post a Comment