ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៩:៥៨
រាជធានីភ្នំពេញ ៖ យុវជន២នាក់ចេញពីក្លិបទៅជួបមិត្តភក្កិជិះម៉ូតូកូនទាអត់ស្លាកលេខត្រូវប៉េអឹមឃាត់ឆែកឆេរឃើញទូរស័ព្ទអាយហ្វូន៥មួយគ្រឿងយកទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ មីនា មុខសាលាហ្វឹកហ្វឺនកូរ៉េខេអេសភីធី ផ្ទះលេខ៤៣០ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសម្តីរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ដុប ឡង់ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងអេឡិចត្រូនិច ស្នាក់នៅសង្កាត់អូឬស្សី ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិ ព្រែកកត់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងអ្នកបើកម៉ូតូមានឈ្មោះ ឆាយ ហៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅ និងស្រុកកំណើតជាមួយគ្នា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូម៉ាក Today ពណ៌ស បិទពណ៌បៃតង អត់ស្លាកលេខ ជិះចេញពីក្លិបនាគនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ត្រូវបានមិត្តភក្កិទូរស័ព្ទឲ្យទៅជួបនៅក្បែរមន្ទីរពេទ្យព្រះកុសុមៈ ខណៈពេលជិះទៅដល់ចំណុចខាងលើស្រាប់តែមានប៉េអឹមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងល្បាតក្នុងមូលដ្ឋានប្រទះឃើញពួកគេជិះម៉ូតូអត់ស្លាកលេខបានជិះដេញតាមកាក់ពួកគេកន្លែងងងឹត តែពួកគេមិនបានឈប់ក៏ត្រូវប៉េអឹមកាក់ជាប់ពីខាងមុខធ្វើការឆែកឆេរ។
បន្ទាប់ឆែករួចហើយស្រាប់តែប៉េអឹមបានយកលេសថា ដឹកពួកគេទាំង២នាក់យកទៅពិនិត្យទឹកនោមសង្ស័យប្រើប្រាស់គ្រឿងញៀន ក៏បានដឹកពួកគេទាំង២នាក់ទៅ ដោយទុកម៉ូតូដែលធាក់អត់ឆេះនៅកន្លែងកើតហេតុ ។
ជនរងគ្រោះបន្តទៀតថា ពេលដែលប៉េអឹមដឹកពួកគេទៅដល់កន្លែងស្ងាត់តាមផ្លូវលេខ៣១៥ កែង៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែចុះឆែកឆេរពួកគេម្តងទៀតឃើញមានទូរស័ព្ទអាយហ្វូន៥ មួយគ្រឿង ប៉េអឹមទាំងនោះក៏យកទូរស័ព្ទនោះ ហើយនាំគ្នាជិះម៉ូតូចេញទៅអស់ ចំណែកពួកគេបានជិះម៉ូតូឌុបទៅកាន់កន្លែងដែលម៉ូតូខូចវិញដើម្បីអូសម៉ូតូយកទៅផ្ទះ ៕
Post a Comment