ផ្ទុះ​ដំណឹង គិត ម៉េង រៀបការ​ជាមួយ ស្រីតូច ចំណាន ថ្ងៃ ទី២០ ខែ​មីនា


ភ្នំពេញ : ដំណឹង​សេដ្ឋី​ល្បី​ឈ្មោះ​នៅ​កម្ពុជា លោក គិត ម៉េង ទ្រង់​គ្រឿង​ចូល​រោង​ការ​ជាមួយ​អតីត​តារា​សម្តែង និង​ចម្រៀង​អ្នក​នាង ស្រីតូច ចំណាន បាន​ផ្ទុះ​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ដែល​ថា ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី២០ ខែ​មីនា។ ប្រភព​ពី​សាច់​ញាតិ​ខាង​កូន​កំលោះ និង​អ្នក​បម្រើការ​នៅ​ទូរទស្សន៍​ស៊ីអិនស៊ី​ក៏​បាន​ទទួល​ស្គាល់​ព័ត៌មាន​នេះ​ដែរ។

កាល​ពី​ពាក់​កណ្តាល ឆ្នាំ​២០១៤ ទាំង​ពិភព​អ្នក​ជំនួញ និង​អ្នក​សិល្បៈ​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ម្តង​រួច​មក​ហើយ​រឿង​លោក គិត ម៉េង និង​អ្នក​នាង ស្រីតូច ចំណាន ដែល​មាន​ឈ្មោះ​ពិត ម៉ៅ សុចំណាន បាន​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ចុង ឆ្នាំ​២០១៤ ឬ​ដើម ឆ្នាំ​២០១៥ ក្រោយ​ចំណង​ស្នេហ៍​លាក់​មុខ​របស់​អ្នក​ទាំង​ពីរ​បង្កើត​បាន​កូន​ប្រុស​ស្រី​រហូត​ដល់​ទៅ ៤​នាក់។ ប៉ុន្តែ​ដំណឹង​ដ៏​ខ្ចរ​ខ្ចាយ​បែរ​ជា​ស្ងប់​រលត់​ទៅ​វិញ ខណៈ​ពេល​វេលា​ចេះ​តែ​រំកិល​ផុត​ទៅ តែ​អាពាហ៍​ពិពាហ៍​ដ៏​អស្ចារ្យ​ពុំ​មាន​លេច​រូបរាង។

ដំណឹង​ធ្លាយ​ចេញ​ជា​ថ្មី​ទាក់​ទិន​នឹង​សេដ្ឋី​ល្បី​ឈ្មោះ​ដឹក​ដៃ​តារា​ស្រី​កំណើត​ពី ខេត្ត​ស្វាយរៀង ចូល​រោងការ​នៅ​ថ្ងៃ ទី២០ ខែ​មីនា ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា នឹង​ប្រារព្ធ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ជាមួយ​នឹង​តម្លៃ​ជួល​ក្រុម​ហ៊ុន​ពិធីការ​រៀបចំ​រហូត​ដល់ ១០ ម៉ឺន​ដុល្លារ​ឯណោះ។

តាម​ការ​បញ្ជាក់​យ៉ាង​ខ្លី​ពី​សាច់​ញាតិ​កូន​កំលោះ ក៏​បាន​រំលេច​នូវ​ចម្លើយ​ថា «yes» ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ ផង​ដែរ តប​នឹង​សំណួរ​អំពី​កាល​បរិច្ឆេទ​ចូល​រោង​ការ​របស់​លោក គិត ម៉េង និង​អ្នក​នាង ស្រីតូច ចំណាន។
ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រភព​ពី​សាច់​ញាតិ​ដដែល​នោះ​មិន​បាន​បរិយាយ​ក្បោះ​ក្បាយ​ទេ​ក្រៅ​ពី​ប្រាប់​ថា៖ «នោះ​ជា​រឿង​ឯកជន»។

ទន្ទឹម​នឹង​នោះ ប្រភព​ពី​បុគ្គលិក​បម្រើការ​នៅ​ទូរទស្សន៍​ស៊ីអិនស៊ី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា មង្គលការ​លោក គិត ម៉េង នឹង​ប្រព្រឹត្ត​ទៅ​នៅ ខែ​មីនា នេះ​មែន។

អ្វី​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ធ្វើ​ឲ្យ​មហាជន​ចង់​ឃើញ​ពី​ពិធី​អាពាហ៍​ពិពាហ៍​លំដាប់​សេដ្ឋី​នេះ​លេច​រូបរាង​ឡើង​គឺ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ក៏​មាន​ដំណឹង​ល្បី​ថា មង្គលការ​នេះ​នឹង​ចំណាយ​ប្រាក់​ដល់​ទៅ ១ លាន​ដុល្លារ។

កូន​ក្រមុំ​នារី​ជនបទ​មាន​ប្រវត្តិ​ហូប​ក្តាម​ខ្យង​នៅ​ទឹក​ដី ស្រុក​ស្វាយ​ជ្រំ មាន​យីអ៊ុន​អណ្តែត​ក្លាយ​ជា​ហង្សទេព នឹង​ត្រូវ​បាន​កូន​កំលោះ​ទ្រព្យ​ស្ដុក​កុម៉្មង់​រថយន្ត​ដ៏​ទំនើប​តម្លៃ ៥០ ម៉ឺន​ដុល្លារ​ពី​ចក្រភព​អង់គ្លេស ជាមួយ​នឹង​រ៉ូប​កូន​ក្រមុំ​រចនា​ម៉ូដ​ពី​បរទេស​តម្លៃ ១ សែន​ដុល្លារ។ សូម្បី​តែ​ម្ហូប​មួយ​តុ​ល្បី​ថា​ថ្លៃ ១ ពាន់​ដុល្លារ។ ទន្ទឹម​នឹង​នោះ ក៏​ល្បី​ថា មង្គលការ​នេះ​បាន​ចំណាយ​ដល់ ១ សែន​ដុល្លារ​ឲ្យ​អតីត​ពិធីការិនី​ល្បី​ឈ្មោះ​នៅ​ទូរទស្សន៍​ជាតិ​លោក​ស្រី សាន់ ណារ៉ាឡងឌី សម្រាប់​ចាត់​ចែង​ពិធីការ និង​ផ្នួង​ផង​ដែរ។

ប៉ុន្តែ​នៅ​ពេល ភ្នំពេញ ប៉ុស្ដិ៍ ទាក់ទង​សួរ អ្នក​ដែល​ល្បី​ថា​ធ្វើ​ពិធី​រៀបចំ​មង្គលការ​លោក គិត ម៉េង នោះ លោក​ស្រី សាន់ ណារ៉ា​ឡងឌី បាន​ធ្វើ​ការ​បដិសេធ​យ៉ាង​ខ្លី​ថា៖ «មិន​មាន​ទេ។ សម្អាង​ការ​ខ្ញុំ មិន​មាន​អ្នក​ឧកញ៉ា គិត ម៉េង ជួល​ទេ ហើយ​ក៏​គ្មាន​សម្អាង​ការ​ណា​គេ​ជួល​ក្នុង​តម្លៃ​ថ្លៃ ១០ ម៉ឺន​ដុល្លារ​បែប​នេះ​ដែរ»។

ដូច​គ្នា​នឹង​សម្ដី​បដិសេធ​របស់​អតីត​ពិធីការិនី​ដ៏​ល្បី​ល្បាញ​ខាង​លើ អ្នក​រៀបចំ​កម្មវិធី​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ឈ្មោះ នែលី បាន​អះអាង​ថា មិន​បាន​ទទួល​បាន​ដំណឹង លោក គិត ម៉េង នឹង​រៀបចំ​ពិធី​មង្គលការ​នៅ​សណ្ឋាគារ​នោះ​ដូច​គេ​និយាយ​ឡើយ។

អ្នក​រៀបចំ​កម្មវិធី​នៅ​សណ្ឋាគារ​រូប​នោះ​បាន​បញ្ជាក់​ថា៖ «មក​ទល់​ពេល​នេះ មិន​ទាន់​បាន​ដំណឹង​ថា ថ្ងៃ​ទី២០ ខែ​មីនា សណ្ឋាគារ​ទទួល​រៀបចំ​ពិធី​រៀបការ​ធំ​បែប​នោះ​ទេ»៕




From:   http://www.postkhmer.com


Share this article :

Post a Comment

 

khmerk-news - All Rights Reserved