ធ្លាប់តែឮ ល្បែងប្រជល់មាន់ ឥឡូវនៅចិន មានល្បែង ឆ្កែប្រខាំគ្នាទៀត!


ចិន៖ យើងធ្លាប់តែ បានឮនិងដឹង ថាមានល្បែង ប្រជល់មាន់ ជាពិសេស ប្រជាជន នៅតាមភូមិ ស្រុកមួយចំនួន ក្នុងប្រទេស កម្ពុជា របស់យើង ពេញនិយម ជាខ្លាំងចំពោះ ល្បែងប្រភេទនេះ តែនាពេលថ្មីៗនេះ នៅប្រទេសចិន វិញមានការ បង្កើតល្បែង មួយបែបទៀត គឺឆ្កែប្រខាំគ្នា ដែលបង្កឲ្យ មានការភ្ញាក់ផ្អើល ពីសំណាក់ មនុស្សជាច្រើន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មនុស្សនៃ ភូមិចំនួន៦ ក្នុងស្រុក សានជៀវ ខេត្ត សានស៊ី របស់ប្រទេស ចិន បាននាំគ្នា បង្កើតល្បែង ឆ្កែខាំគ្នា នេះឡើង ដើម្បីជាការ កំសាន្តរបស់ អ្នកភូមិ ក៏ដូចជា ដើម្បីអបអរ បុណ្យសម្រាប់ ស្វាគមន៍រដូវ ផ្ការីក។


កម្មវិធី ឬក៏ល្បែង ឆ្កែខាំគ្នានេះ គឺតម្រូវឲ្យ មនុស្សនាំ ឆ្កែរបស់ពួកគេ មកដើម្បីចូលរួម ប្រកួត។ ក្នុងការ ប្រកួតនោះ គឺត្រូវដាក់ បញ្ចូលឆ្កែ ២ក្បាល ចូលក្នុងទ្រុង តែមួយដើម្បី ឲ្យពួកវាខាំគ្នា ទៅវិញទៅមក រហូតទាល់តែ មានម្ខាង របួសធ្ងន់ ឬក៏រត់ចេញ ពីសង្វៀន ទើបអាច ស្វែងរកឈ្នះ ចាញ់បាន។ ចំពោះម្ចាស់ឆ្កែ ដែលឈ្នះ នឹងទទួលបាន រង្វាន់ជា បារីមួយកញ្ចប់ និងកែវទឹកចិន មួយ។

ក្រុមសកម្មជន ការពារសិទ្ធសត្វ របស់ប្រទេស ចិន បានលើកឡើងថា ល្បែងឆ្កែខាំគ្នា នេះគឺមាន បង្កប់សកម្មភាព យ៉ាងព្រៃផ្សៃ និងគ្មានក្តីមេត្តា ព្រមទាំងបាន រំលោភសិទ្ធ របស់សត្វ យ៉ាងធ្ងន់ធ្ងរ ម្យ៉ាងវិញទៀត ទង្វើមួយនេះ ក៏បានបំពានច្បាប់ នៃប្រទេសចិន ផងដែរ។


តែយ៉ាងណាមិញ លោក Shi Pan វ័យ៤៥ឆ្នាំ ជាសមាជិកម្នាក់ ក្នុងការរៀបចំ កម្មវិធី ឆ្កែខាំគ្នា នេះឡើង បាននិយាយ តវ៉ាថា “ក៏ព្រោះតែ អ្នកភូមិក្នុង ស្រុកនេះ មានភាពក្រីក្រ ខ្លាំងពេក ហើយវា ជាតំបន់ដាច់ ស្រយាលទៅទៀត ទើបពួកយើង រកនឹងបង្កើត ល្បែងមួយនេះឡើង ដើម្បីជាការ កំសាន្តរបស់ អ្នកភូមិ ពួកយើង”។

បន្ថែមពីនេះ ប៉ូលីសប្រចាំ តំបន់ក៏ បានលើកឡើងថា កម្មវិធីឆ្កែខាំគ្នា នេះគឺមិនបាន បំពានច្បាប់ ណាមួយឡើយ ហើយមកទល់ ពេលនេះក៏មិន ទាន់មានបណ្តឹង ជាផ្លូវការ ណាមួយដែល បានប្តឹង ជំទាស់កម្មវិធី មួយនេះ នៅឡើយនោះទេ។


នេះគឺជា ល្បែងភ្នាល់ ឬក៏កម្មវិធី ឆ្កែខាំគ្នា មួយដែលទើប នឹងមានក្នុង ប្រទេស ចិន ហើយវាក៏ត្រូវ បានទទួល ការពេញនិយម ពីប្រជាជន ក្នុងតំបន់នោះ តែទន្ទឹមនឹងនេះ ក៏មានការ ប្រឆាំង និងរិះគន់ ជាច្រើនផងដែរ ជាពិសេស គឺអង្គការ ការពារសិទ្ធសត្វ និងក្រុមអ្នកដែល ស្រលាញ់សត្វ ដោយពួកគេ លើកឡើងថា សត្វឆ្កែ ទាំងនោះគឺ ជាសត្វចិញ្ចឹម ហើយស្មោះត្រង់ នឹងមនុស្សណាស់ មិនគួរណា យកពួកវា មកប្រកួត ស៊ីសាច់ហុតឈាម បែបនេះសោះ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ទិដ្ឋភាពរួម នៃកម្មវិធី ឆ្កែប្រខាំគ្នា ក្នុងប្រទេសចិន៖


From:   http://www.khmerload.com/news/35716
Share this article :

Post a Comment

 

khmerk-news - All Rights Reserved