ទោះបីជាពុំមានការបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងតាំងទីលំនៅ ច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ប្រទេសអូស្ត្រាលីមានគម្រោងនឹងបញ្ជូនជនភៀសខ្លួនតាមគោលការណ៍ស្ម័គ្រចិត្តនោះ។
ឯកឧត្ដម កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះ បន្ទាប់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ ឯកឧត្ដម Peteer Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍ និងការពារព្រំដែនប្រទេស អូស្ត្រាលី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងថា អនុស្សរណៈ (MOU) ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលីកន្លងមកនេះ ជាការត្រឹមត្រូវទាំងស្រុង ដែលផ្អែកទៅលើគោលការណ៍មនុស្សធម៌ និងគោលការណ៍ ស្ម័គ្រចិត្ត ដែលជាកត្តាសំខាន់ដែល MOU បានចែងច្បាស់ថា យើងមិនបង្ខំឱ្យ អ្នកណាម្នាក់ឬជនភៀសខ្លួនណាមួយមកប្រទេសយើងបានទេ គឺយើងទទួល យកតែជនភៀសខ្លួនណាដែលស្ម័គ្រចិត្ត សុខកាយ សុខចិត្តមករស់នៅជាមួយយើង ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឧទាហរណ៍អំពីបញ្ហាជនភៀស ខ្លួនម៉ុងតាញ៉ាកន្លងមកនេះដែលកម្ពុជាបានផ្ដល់ឋានៈជាជនភៀសខ្លួន ចំនួន១៣នាក់ ហើយគេមានគម្រោងទៅរស់នៅប្រទេសទី៣ និងក៏ដូចជាជនភៀសខ្លួន ដែលមកពីប្រទេសអូស្ត្រាលីបើគាត់ស្ម័គ្រចិត្តមកកម្ពុជាហើយៗ គាត់ចង់ទៅរស់ នៅប្រទេសទី៣ គឺគាត់មានសិទ្ធិទៅរស់នៅប្រទេសទី៣ទៀត ។ កន្លងមក ពេល ប្រទេសកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម ក៏មានជនភៀសខ្លួនខ្មែរច្រើនបានទៅ រស់នៅបរទេសដែរ មានដូចជាប្រទេសកាណាដា អាម៉េរិក បារាំង ប្រទេសមួយចំនួននៅអឺរ៉ុប ក៏ដូចជាអូស្ត្រាលី ។ល។ ហើយការទទួលជនភៀសខ្លួនសម័យ នោះក៏អត់មានអ្នកណារិះគន់ប្រទេសជាអ្នកទទួលផងដែរ។
ឯកឧត្ដម ហោ ណាំហុង ថ្លែងបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះដោយសារ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមានលក្ខណៈ ល្អប្រសើរនោះ ធ្វើឱ្យកម្ពុជាអាចទទួលជនភៀសខ្លួនដោយមានការជួយគាំទ្រពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី ហើយអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) ក៏ ត្រៀមសហការជួយលើកិច្ចការនេះដែរ ដើម្បីឱ្យការតាំងទីលំនៅរបស់ជនភៀស ខ្លួនប្រព្រឹត្តទៅមានដំណើរការល្អ ស្របតាមអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-អូស្ត្រាលី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមកនេះ។
ឯកឧត្ដម Peteer Dutton ថ្លែងថា សព្វថ្ងៃនេះនៅប្រទេសអូស្ត្រាលីមានកម្មវិធីជនភៀសខ្លួននេះប្រហែលជា៣០ម៉ឺននាក់ គេបានធ្វើការយ៉ាងល្អ ហើយ បានរស់នៅយ៉ាងសុខសាន្តជាមួយប្រជាជនអូស្ត្រាលី ដូច្នេះគ្មានបញ្ហាអ្វីទេ ។ ការដែលគ្រោងនឹងបញ្ជូនជនភៀសខ្លួន ដែលមានការស្ម័គ្រចិត្តមកកម្ពុជានេះ សំខាន់គឺ ទី១គឺជាការបង្ហាញឱកាសទីពីររបស់ជនភៀសខ្លួន ដែលអាច ជ្រើសរើសមកនៅក្នុងប្រទេស កម្ពុជាបាន ។
ទី២ ការបញ្ជូនមកនេះមិនមែនជា ការបញ្ជូនទាំងស្រុងមកភ្លាមទេ គឺយើងមានគម្រោងសាកល្បង៣-៤ឬ៥គ្រួសារ ជាបឋម សិន ដើម្បីបញ្ជាក់ថាការតាំងទីលំនៅក្នុងប្រទេសកម្ពុជាជួបប្រទះអ្វី ហើយការរស់នៅរបៀបណា ដែលការនេះជាឧទាហរណ៍សម្រាប់អ្នកស្ម័គ្រចិត្ត ក្រោយៗថាគេគួរស្ម័គ្រចិត្តមកឬមួយយ៉ាងម៉េច ។
ទី៣ ជនភៀសខ្លួននៅអូស្ត្រាលីគេមានសមត្ថភាពផ្នែកជំនាញផ្សេងៗ ដូច្នេះហើយគាត់មកតាំងទីលំនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជាជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ។
ទី៤ ការមកតាំងទីលំនៅក្នុងប្រទេសកម្ពុជានោះគឺថា គេក៏មានគម្រោងបណ្ដុះបណ្ដាលផ្នែកជំនាញផ្សេងៗ ជនភៀសខ្លួនណាចង់បានជំនាញអ្វីមួយនោះ ក៏គេមាន គម្រោងបណ្ដុះបណ្ដាលឱ្យគាត់បានចេញជំនាញ ដើម្បីប្រកបមុខរបររកស៊ីទទួល ទានដូចជាពលរដ្ឋដទៃដែរ៕
From: http://www.pelprek.com/news-detail--2395.html
Post a Comment