បញ្ចូលអត្ថបទ ៖ ផ្កាយព្រឹក
ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៦:០៤
រាជធានីភ្នំពេញ ៖ អតីតឧត្តមសេនីយ៍យោធាម្នាក់ដែលជាមនុស្សស្និទ្ធនឹងលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអគារធិការកិច្ច ក្រសួងយុត្តិធម៌ឲ្យអនុរក្សពន្ធនាគារនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ មីនា ២០១៥ ដើម្បីធ្វើការសាកសួរជុំវិញករណីដោះលែងឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ ឲ្យនៅក្រៅឃុំមិនប្រក្រតី ។
ការសាកសួរ ត្រូវបានអូសបន្លាយដល់ល្ងាចថ្ងៃដដែលនោះ តែក៏ត្រូវបានសំរាក និងបានអនុញ្ញាតឲ្យក្រុមអនុរក្សនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ។ ប្រភពព័ត៌មានបានឲ្យដឹងថាការសាកសួរអតីតឧត្តមសេនីយ៍ជាមនុស្សស្និទ្ធនឹងលោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា មានលេចចេញនូវតម្រុយជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការដោះដែងឪពុកម្តាយលោកឧកញ៉ាថោង សារ៉ាត់ ដែលនាំឲ្យរាលដាលដល់មនុស្សមួយចំនួនទៀត ។
អតីតឧត្តមសេនីយ៍យោធារូបនោះឈ្មោះ ពេជ្រ ព្រហ្មមុនី្ន ជាគ្រូអូមអាម មុខងារជានាយសេនាធិការរងកងទ័ពជើងគោកនៃក្រសួងការពារជាតិ ត្រូវបានលោក អាំង មាលតី ស្នើសុំទៅលោក មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីសហការការងារនៅសាលាដំបូងរាជធានីភ្នំពេញ ធ្វើជា ជំនួយការផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ ។
ក្រោយពីបានការអនុញ្ញាតពីលោកមាស សុភា រួចហើយ លោក ពេជ្រ ព្រហ្មមុនី្ន បានមកបំពេញការងារនៅសាលាដំបូងរាជធានីភ្នំពេញមួយរយៈ ត្រូវបានលោក អាំង មាលតី ប្រគល់រថយន្តមួយគ្រឿងម៉ាកហាំមើរ ស្លាកលេខ២-២២៦៦ និងម៉ូតូធំពីរគ្រឿងដែលជាវត្ថុតាងក្នុងបទល្មើសជួញដូរគ្រឿងញៀនឲ្យប្រើប្រាស់ ជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនប្រចាំថ្ងៃ ។
តាមប្រភពពីមន្ត្រីសាលាដំបូងបានឲ្យដឹងថា ក្រៅពីការងារសន្តិសុខ និងសណ្តាប់ធ្នាប់ លោក ពេជ្រ ព្រហ្មមុនី្ន បានធ្វើការងារជ្រុលជ្រួសរហូតដល់ទៅដើរត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពរបស់ចៅក្រម និងក្រឡាបញ្ជី ព្រមទាំងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក្នុងបន្ទប់ថែមទៀតផង ។ ក្នុងនោះសូម្បីតែការសាកសួរជនត្រូវចោទក្នុងសំណុំរឿងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ និងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ក៏ពេជ្រ ព្រហ្មមុន្នី ចូលរួមក្នុងការស្តាប់ យកចម្លើយដែរ ដែលខុសនីតិវិធីទាំងស្រុង ។
លើសពីនេះទៀតឈ្មោះ ពេជ្រ ព្រហ្មមុនី្ន ហ៊ានរហូតកាន់សំណុំរឿងបញ្ជាឱ្យធ្វើតាមការបង្គាប់របស់ខ្លួន ដោយអាងអំណាចលោក អាំង មាលតី ។ ក្រោយពីការផ្ទេរភារកិច្ចលោក អាំង មាលតី យកទៅបញ្ឈរជើងនៅក្រសួងយុត្តិធម៌ ដើម្បីស៊ើបអង្កេតចំណាត់ការមិនប្រក្រតី លើការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនោះ ឈ្មោះ ពេជ្រ ព្រហ្មមុន្នី ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួននៅយប់ថ្ងៃទី១៩ កុម្ភៈ ២០១៥ នៅចំណុចមុខវត្តប្រសាទនាងខ្មៅ ក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយកំលាំងសមត្ថកិច្ចកងរាជអាវុធហត្តលើផ្ទៃប្រទេស និងត្រូវបានបញ្ជូនខ្លួនមកនៅថ្ងៃទី២០ កុម្ភៈ ២០១៥ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕
From: http://kohsantepheapdaily.com.kh/article/116382.html
Post a Comment