ស្ត្រីមេម៉ាយ ស្រុកកៀនស្វាយខេត្តកណ្ដាល រំលឹករឿងរ៉ាវ ថាទម្ងន់ទឹកលុយ បានសណ្ដំចិត្តឪពុកម្ដាយបង្ខំនាងឲ្យយកប្ដីដែលនាងមិនដែលស្គាល់ មិនមានចិត្តស្រលាញ់ និងថែមទាំងចាស់ជាងច្រើនឆ្នាំ ទាំងអ្នកភូមិនាងលួចនិន្ទា។ «កាលហ្នឹងខ្ញុំ១៨ឆ្នាំ មិនដឹងអ្វីទេ ម៉ែឃើញគេមាន តែខ្ញុំស្គាល់ហើយថាគេមាន គេចិត្តមិនបាន ទ្រាំនឹងអ្នកយើងគ្មានចិត្តស្រលាញ់ហ្នឹងវាម៉េច ខ្ញុំស្គាល់អស់ហើយ»។ នាងប្រាប់អតីតកាល។
មេម៉ាយកូនមួយ រៀបរាប់ថា ពិបាកកាយស៊ូបាន តែបើពិបាកចិត្តមិនស្រួលទេ។ ជារឿយៗនាងតែងមានរឿងទាស់គ្នាជាមួយប្ដីអាយុច្រើនជាប្រចាំ។ ជាង២ឆ្នាំបន្ទាប់មក ចំណងស្នេហ៍ក៏ដល់ផ្លូវបែក ធ្វើឲ្យនាងក្លាយជាមេម៉ាយទាំងវ័យក្មេង។ ស្ត្រីសម្បុរសណ្ដែកបាយពោលថា៖ «កុំថានៅជាមួយយូរៗគង់ស្រលាញ់ គឺវាហួសហើយ ហួសសម័យហើយ គួរស្រលាញ់មនុស្សយើងស្រលាញ់ ម៉ែឪក៏អញ្ចឹង ទុកដាក់កូនចៅគួរសួចិត្តគ្នាផង ព្រោះឥឡូវមិនមែនពីមុនឯណា។ ខ្ញុំរៀងហើយ ខ្ញុំកាប់ថ្មចំណាំតកូន»។
«គឺទាល់តែអ្នកស្រលាញ់ទើបខ្ញុំរៀបការជាមួយ គឺខ្ញុំគិតអីចឹង ហើយម៉ាក់ប៉ាខ្ញុំក៏អីចឹង កូនៗគាត់ឲ្យរើសខ្លួនឯង គាត់ថាបើខុសកុំបន្ទោសគាត់ គាត់ចង់ឲ្យមានសុភមង្គលដោយខ្លួនឯង។ មិត្តភ័ក្ដិខ្ញុំរៀបការរួចតាមម៉ាក់ប៉ា តែវាប្រាប់ខ្ញុំ ខ្ញុំយល់ពីអារម្មណ៍វា គឺខ្ញុំមិនចង់ដូចវាឡើយ ខ្ញុំនឹងជ្រើសរើសដោយខ្លួនខ្ញុំ។
គេប្រាប់ខ្ញុំថារៀបការបែបហ្នឹងគឺ មានអារម្មណ៍ស្ដាយក្រោយ និងបាត់បង់អ្វីម្យ៉ាងក្នុងជីវិត ខ្ញុំជាពួកម៉ាកវា តែងនៅក្បែរគឺវាប្រាប់ខ្ញុំគ្រប់យ៉ាង»។ និស្សិតស្រីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងនយោបាយ សួន សុភា បញ្ចេញទស្សនៈរឿងរៀបការតាមឪពុកម្ដាយឬជ្រើសរើសខ្លួនឯង។
ប៉ុន្តែងាកទៅលោក ប៊ុនសាន វិញថារៀបការជាមួយ មនុស្សស្រលាញ់មិនស្រលាញ់មិនសំខាន់ទេ សំខាន់ត្រង់ថាអ្នកដែលលោកនឹងរៀបការជាមួយនោះ ជាមនុស្សអាចទទួលយកបានឬអត់? លោកថា៖ «ឲ្យតែគេសមរម្យគ្រប់យ៉ាង គឺនៅជាមួយយូរៗនឹងយល់ពីគ្នា គង់ស្រលាញ់ គឺកុំឲ្យតែបង្ខំទៅរៀបការនឹងមនុស្ស ហួសហេតុពេក»។
តិចនិកមានលុយរៀបការដោយខ្លួនឯង មិនពឹងលុយឪពុក-ម្ដាយ
ប្រើហេតុផល ៧យ៉ាងនេះដើម្បីរៀបការ អាចមានវិប្បដិសារីទៅអនាគត
អត្ថបទ៖ ប៉ែន សុផាន់ណា
From: http://news.sabay.com.kh/article/295473
Post a Comment