បញ្ចូលអត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១០:១១
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការតាមប្រមាញ់ និងបង្ក្រាបជនសង្ស័យឆក់កាបូប២នាក់ ជាសិស្ស និងនិស្សិតបានភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូធ្វើកសម្មភាព កាលពីវេលាម៉ោង០៨យប់ថ្ងៃទី៩ មីនា ២០១៥ ស្ថិតនៅមុខធនាគារប៊ូយ៉ង មហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ១-ឈ្មោះវ៉ា វាសនា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ៧0អឺ0 ផ្លូវលេខ២៤៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជាអ្នកបើកម៉ូតូ) និង២-ឈ្មោះម៉ៅ ហេងសម្បត្តិ អាយុ១៨ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅផ្ទះលេខ៩អឺ០ ផ្លូវលេខ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជាអ្នកឆក់) ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកគុបមួយគ្រឿង ដោយបុរសជាអ្នកបើក និងស្ត្រីអង្គុយពីក្រោយ ដោយមានកាបូបដាក់នៅលើភ្លៅ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ពីទិសខាងត្បូងទៅជើង ខណៈមកដល់មុខធនាគារ ប៊ុយ៉ុង ស្រាប់តែមានជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងធុនសេ១២៥ ពាក់ស្លាកលេខភ្នំពេញ ១BT-៧៣១៨ បើកមកអែបម៉ូតូជនរងគ្រោះ ពេលនោះក៏ធ្វើសកម្មភាពឆក់យកកាបូបតែម្តង ។
ប៉ុន្តែស្ត្រីរងគ្រោះបានកន្ត្រាក់កាបូបមកវិញ ធ្វើឱ្យជនសង្ស័យទាំង២នាក់ដួលម៉ូតូ ស្របពេលប្រជាពលរដ្ឋដែលធ្វើដំណើរ និងនគរបាលខណ្ឌដូនពេញ កំពុងជិះម៉ូតូល្បាតប្រទះឃើញហើយជួយអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ ព្រមទាំងដកហូតម៉ូតូជិះធ្វើសកម្មភាព រីឯបក្សពួកម្នាក់ទៀតរត់គេចខ្លួន។
ប្រភពបន្តទៀតថា ក្រោយពីមានករណីនេះកើតឡើង ខាងការិយាល័យនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលជាអ្នកឆក់នៅមុខផ្ទះសំណាក់យីហោ សូរិយាផ្កាយ៩ ។
From: http://kohsantepheapdaily.com.kh/
Post a Comment